លក្ខខណ្ឌមេដឹកនាំ
ត្រចៀកកាំជាបក្សីតូចដែលមានសមត្ថភាពហើរឆ្លងទ្វីប។ វាអាចហើរជាប់រយៈពេល ៧៥ ម៉ោងក្នុងរយៈកម្ពស់ ១០០០ ម៉ែត្រឆ្លងសមុទ្រមេឌីទែរ៉ាណេ ឬវាលខ្សាច់សាហារ៉ា។ ក្នុងការហើរធម្មតាវាអាចហើរតែឯងតែពេលផ្លាស់ទីឆ្ងាយដាច់ខាតវាត្រូវហើរជាហ្វូង។ បើហើរតែឯងវាមុខជាហត់ងាប់ដោយមិនទាន់ហើរដល់គោលដៅមិនខាន។
តើពេលហើរជាហ្វូងវាមិនហត់ឬ? អ្នកស្រាវជ្រាវបង្ហាញថា ត្រចៀកកាំស្រកទម្ងន់អស់ប្រហែលមួយភាគបួននៃទម្ងន់ខ្លួនវាមុនពេលធ្វើការផ្លាស់ទី ទម្រាំវាហើរដល់គោលដៅ។ បក្សីនេះអាចបិទភ្នែកម្ខាង និងសម្រាកខួរក្បាលម្ខាងក្នុងសភាពពាក់កណ្ដាលដឹងខ្លួនពេលកំពុងហើរ។ មេហ្វូងមានភារៈនាំមុខហ្វូងបើមេហ្វូងបត់ទៅទិសណាវាក៏បត់តាមហើយបើមួយណាហត់វានឹងសម្រាកបណ្ដើរ។ ពេលមេហ្វូងហត់វាក៏ថយចូលសម្រាកក្នុងហ្វូងហើយកូនហ្វូងមួយក្បាលចេញមកហើរធ្វើជាមេហ្វូងបន្ដ។ តាមរបៀបនេះគ្មានត្រចៀកកាំមួយក្បាលណាហត់ងាប់តែឯងឡើយ។
ចំណុចដែលអាចកត់សម្គាល់បានគឺ ទីមួយ ការឈានទៅគោលដៅរយៈពេលវែងត្រូវទៅជាក្រុម។
ទីពីរ ការស្រុះស្រួលក្នុងក្រុម និងទីបីសមាជិកម្នាក់ណាក៏មានសមត្ថភាព និងការទទួលខុសត្រូវដែរ។ ត្រចៀកកាំដែលឡើងមកធ្វើជាមេហ្វូងមិនមែនឡើងមកយកឡូយទេគឺវាមានភារៈមកប្ដូរវេនដើម្បីឲ្យប្រមុខរបស់វាបានសម្រាក។
វាច្បាស់ថា បើមេវាហត់ជ្រុលរហូតបាក់កម្លាំងនោះមេវានឹងងាប់។ កាលណាមានសមាជិកណាមួយងាប់កុំថាដល់មេវាងាប់ជាសញ្ញាប្រាប់ថាវាក៏ជិតដល់ពេលងាប់ដែរ។ ទាំងមេហ្វូងទាំងកូនហ្វូងសុទ្ធតែហើរដោយការទទួលខុសត្រូវតាមនាទី។
ខ្មែរមានពាក្យច្រើនសម្គាល់មេហ្វូងរួមមានមេ/អ្នកដឹកនាំអ្នកនាំមុខ មេ មេក្រុម ប្រមុខក្រុម ចៅហ្វាយ ថ្នាក់លើជាដើម។ ជាភាសាអង់គ្លេសគឺ Leader ប្រែថាអ្នកដឹកនាំ/អ្នកនាំមុខ។ ពាក្យនេះបង្ហាញថាអ្នកដឹកនាំគឺអ្នកដែលឈានមុខដឹកមុខ (Lead) គេផ្នែកអ្វីមួយមានន័យថាដើម្បីអាចនាំមុខគេបានបុគ្គលជាប្រមុខត្រូវមានគុណសម្បត្ដិលើសសមាជិកក្រុម។ អ្នកដឹកនាំក៏សម្គាល់ផងដែរទៅលើបុគ្គលគំរូ។ បើត្រឹមតែពូកែទ្រឹស្ដីតែម្យ៉ាងមិនគ្រប់គ្រាន់ឡើយតែអ្នកដឹកនាំត្រូវតែធ្វើនូវអ្វីដែលខ្លួនបាននិយាយ។ មិនមែនពេលគេចាប់កំហុសបានក៏ដោះខ្លួនថា “ពុតគ្រូកុំត្រាប់ច្បាប់គ្រូសឹមយក”ឡើយ។
តើសមាជិកក្រុមមានឥរិយាបថឆ្លើយតបបែបណាពេលឃើញជនដែលគេគោរពថាជាអ្នកនាំមុខប្រព្រឹត្ដផ្ទុយនឹងអ្វីដែលគេបាននិយាយ?
លក្ខខណ្ឌគោលមួយដែលអ្នកដឹកនាំចាំបាច់ត្រូវតែមានគឺបុគ្គលនោះដាច់ខាតត្រូវមានបេះដូងបរិសុទ្ធក្នុងការនាំក្រុមទៅដល់គោលដៅរួម។ បេះដូងបរិសុទ្ធមានន័យថាមានចិត្ដចង់នាំគេធ្វើការងារណាមួយដោយសុចរិតដើម្បីប្រយោជន៍រួម។ មេដឹកនាំគួរឲ្យគោរពក្នុងលោកសុទ្ធតែជាបុគ្គលដែលមានបេះដូងធំទូលាយ។ ក្នុងក្របខ័ណ្ឌអ្នកដឹកនាំប្រទេសបុគ្គលនោះមានបេះដូងទូលាយអាចច្រកជនរួមឈាមរបស់ខ្លួនក្នុងប្រអប់បេះដូងគេបាន។ មិនមែនជាការចៃដន្យទេដែលព្រះបាទជ័យវរ្ម័នទី ៧ បានបន្សល់នូវគតិថា“សុខទុក្ខរាស្ដ្រជាសុខទុក្ខរបស់ស្ដេច”។
មកដល់សម័យនេះតើអ្នកដឹកនាំខ្មែរអាចនិយាយពេញក្រអូមមាត់ថា “សុខទុក្ខរបស់ពលរដ្ឋជាសុខទុក្ខរបស់នាយករដ្ឋមន្ដ្រី” បានទេ?
ពេលដែលពលរដ្ឋជាងកន្លះប្រទេសខ្លះរកព្រឹកខ្វះល្ងាចតាមភូមិសល់តែយាយតាចាស់ៗ និងចៅតូចៗឯមនុស្សពេញកម្លាំងធ្វើចំណាកស្រុកឡើងស្ងាត់ភូមិខ្លះទៅធ្វើការរោងចក្រខ្លះកម្មករសំណង់ខ្លះក៏រសាត់អណ្ដែតទៅធ្វើពលករនៅបរទេស។ គម្លាតឆ្ងាយពីគ្នាហួសហេតុពេកហើយ។
អ្នកដឹកនាំដែលលើកយកសុខទុក្ខរបស់ជនរួមឈាមដាក់កណ្ដាលដើមទ្រូងប្រាកដជាមិនអាចអួតសម្ញែងពីភាពមានបានរបស់ខ្លួនចំពោះមុខភាពអត់ឃ្លានជារួមរបស់ពលរដ្ឋឡើយ។ មនុស្សដែលមានបេះដូងស្រឡាញ់មនុស្សមិនលម្អៀងថានេះជាកូនចៅខ្លួន ឬកូនចៅគេមុខជាថ្លឹងបេះដូងទៅពុះចែកផលប្រយោជន៍ឲ្យមនុស្សទាំងអស់ដែលរួមសង្គមជាមួយទទួលបានចំណែកស្មើភាពគ្នា។ បើបង្កើតសាលារៀនគឺសាលារៀននោះកូនលោកធំក៏ចូលរៀន។
បើបង្កើតមន្ទីរពេទ្យពេលកូនលោកធំឈឺក៏ចូលទៅព្យាបាលនៅទីនោះ។ តែបើបង្កើតសាលារៀនមន្ទីរពេទ្យទុកសម្រាប់តែកូនអ្នកស្រុកព្រោះគ្នាគ្មានជម្រើសណាក្រៅពីទៅទីនោះឯកូនខ្លួនបញ្ជូនទៅរៀន និងព្យាបាលនៅបរទេសនោះមិនបាច់មកប្រាប់ក៏គេដឹងដែរថាអ្វីដែលបង្កើតនោះគ្មានគុណភាពគឺមានគុណភាពក្នុងកម្រិតដែលសូម្បីតែសាមីលោកធំអ្នកបង្កើតក៏ទទួលយកប្រើមិនបាន។
គេអាចមើលឃើញទំហំបេះដូងរបស់អ្នកដឹកនាំហ្គ្រេតអេតាមរយៈភាសាមួយថា “ខ្ញុំអាចប្រឈមនឹងការលំបាកគ្រប់យ៉ាងទោះបីគ្មានការចូលរួមពីជនរួមឈាមជាទីស្រឡាញ់របស់ខ្ញុំក្នុងការងារលំបាកនោះក៏ដោយ។ ប៉ុន្ដែខ្ញុំពិតជាឈឺចាប់ខ្លាំងណាស់ពេលខ្ញុំរស់នៅក្នុងសុភមង្គលតែគ្មានការចូលរួមពីជនរួមឈាមជាទីស្រឡាញ់របស់ខ្ញុំក្នុងសុភមង្គលនោះ”។
នេះជាភាសាបេះដូងរបស់បុគ្គលដែលមានតែការលះបង់ដើម្បីប្រយោជន៍រួម។ ភាសាបេះដូងផ្ដល់កម្ដៅមកបន្ថយភាពរងាចិត្ដអ្នកចូលរួម។ ដោយសារបេះដូងបរិសុទ្ធអ្នកដឹកនាំជាមនុស្សមានសីលធម៌ធ្វើអ្វីៗដោយសុចរិត និងដោយការទទួលខុសត្រូវគឺទទួលទាំងត្រូវទទួលទាំងខុសមិនមែនទទួលតែត្រូវហើយរុញខុសឲ្យគេឡើយ។ កុំថា ដល់អ្នកដឹកនាំសូម្បីពលរដ្ឋធម្មតាក៏ខ្មែរយើងមានគតិមួយថា“ក្រអ្វី ក្រចុះ កុំឲ្យតែក្រចិត្ដ”។ មានចិត្ដគឺមានបេះដូងឈឺឆ្អាលសុខទុក្ខមនុស្សទូទៅ។ ដើម្បីរស់នៅដោយសុខដុមពលរដ្ឋត្រូវមានចិត្ដអាណិតស្រឡាញ់គ្នាមើលគ្នាក្នុងនាមជាមិត្ដមិនមែនមើលមុខក៏វ៉ៃប្រាវ បាញ់ប្រាវទេ។ ចុះទម្រាំជាអ្នកដឹកនាំប្រទេសវិញតើលក្ខខណ្ឌបេះដូងអាណិតមេត្ដាអាចខ្វះម្ដេចនឹងបាន?តម្លៃរបស់មនុស្សស្ថិតនៅលើទំហំបេះដូងថ្លាស្អាតដែលមិនត្រឹមតែមិនគិតធ្វើបាបនរណាមានតែគិតធ្វើយ៉ាងណាឲ្យមនុស្សជុំវិញអាចរស់នៅបានសុខ។
អ្នកដឹកនាំត្រូវមានទស្សនវិស័យមុតស្រួចក្នុងការដោះស្រាយបញ្ហាថែមលើលក្ខខណ្ឌបេះដូងដែលទូលាយ។ បើមានត្រឹមតែចិត្ដចង់ដឹកនាំឲ្យរីកចម្រើនតែគ្មានទស្សនវិស័យសម្លឹងឆ្លុះទៅឆ្ងាយនោះទឹកចិត្ដនោះក៏មិនអាចដឹកនាំប្រទេសទៅរកការរីកចម្រើនបានដែរ។ ការចេះវិភាគពិចារណាថ្លឹងហេតុប្រមើលផលជាកត្ដាចាំបាច់ដែលអ្នកដឹកនាំចាំបាច់ត្រូវតែមាន។ ជាអ្នកដឹកនាំមិនចាំបាច់ដាច់ខាតត្រូវតែមានសញ្ញាបត្របណ្ឌិតផ្នែកបច្ចេកទេសទេ (តែបើមានកាន់តែល្អ) សំខាន់ត្រូវមានភ្នែកឆ្លុះជ្រៅសម្លឹងធ្លុះទៅមុខឯសេនាធិការទើបត្រូវមានចំណេះបច្ចេកទេសជាក់លាក់។ នោះគឺគតិបណ្ឌិតប្រើបណ្ឌិត។ បើមួយអេគីបនោះចាំតែហៃអើតាមមុខជាអាជ័យធ្លាក់ទឹកមិនខាន។ មិនធ្លាក់ទឹកតែមួយអេគីបនោះតែពលរដ្ឋមួយប្រទេសក៏ល្ហេមល្ហាមតាមនោះដែរ។
វិបត្ដិដីធ្លីនៅស្រុកខ្មែរដែលអំពល់តែពលរដ្ឋម្ចាស់ដីទឹកភ្នែកឥតល្ហែរាល់ថ្ងៃនេះត្រូវបានធ្វើកំណែទម្រង់ម្ដងជាពីរដងរួចហើយតែទៅហើយមកវិញៗឃើញតែទឹកភ្នែកជាប់គុកដោយសាររឿងដីធ្លីមិនស្វាង។ ថ្វីថា វាមិនងាយស្រួលដោះស្រាយតែឲ្យតែពិតជាមានចិត្តចង់ដោះស្រាយលោកធំរាប់រយនាក់បូកទីប្រឹក្សាដែលលោកធំម្នាក់ខ្លះមានដល់រយនាក់មកជុំគ្នាដោះស្រាយតើពិតជាមិនអាចរកដំណោះស្រាយសមស្របបានឬ? សញ្ញាបត្រលោកធំខ្មែរដឹករាប់កាម៉ាស់មិនអស់បើនៅតែមានវិបត្ដិមិនចេះចប់ហើយសុទ្ធតែជាវិបត្ដិចាស់ៗនោះបង្ហាញថាអសមត្ថភាពក្នុងចំណោមអ្នកដឹកនាំខ្មែរពិតជាមានវិសាលភាពធំធេងខ្លាំងពេកហើយ។
អ្នកដឹកនាំមិនអាចនាំសហការីរបស់គេទៅឆ្ងាយជាងទីកន្លែងមួយដែលគេផ្ទាល់ធ្លាប់បានទៅឡើយ។ គេមិនអាចផ្ដល់នូវវត្ថុដែលគ្មានឲ្យទៅនរណាម្នាក់បានទេពិសេសគំនិត និងបេះដូង។ អាញស្ដាញលើកថា“បញ្ហាវាបានធ្វើឲ្យខ្ញុំរវើរវាយម្ដងៗដែរតែខ្ញុំមិនដែលឆ្កួតនឹងអ្វីដែលខ្ញុំរវើរវាយទេ” នោះគឺរូបារម្មណ៍របស់លោកអាញស្ដាញមិនមែនជាការរវើរវាយបែបចៅចាក់ស្មុគឡើយ។
អ្នកដឹកនាំត្រូវមានសុបិនទាំងមិនដេកសុបិនទាំងដឹងខ្លួនទៅប្រើរូបារម្មណ៍នឹកគិតដល់វត្ថុមួយដែលចង់ទៅ។ វាខុសពីការរវើរវាយដែលជាគំនិតរាយមាយមិនមានទំនាក់ទំនងមិនអាចតភ្ជាប់បាន។ សុបិនដឹងខ្លួនគឺការគូសវាសគោលដៅមួយដែលជាក់លាក់ដែលមានចំណុចចាប់ផ្ដើមមិនត្រឹមតែច្បាស់តែសំខាន់អាចចាប់ផ្ដើមធ្វើកើតហើយពីចំណុចចាប់ផ្ដើមនោះទៅដល់គោលដៅមានគូសចេញនូវកាំជណ្ដើររាប់រយពាន់លាន (ផែនការសកម្មភាព) សម្រាប់ឈានជាបន្ដបន្ទាប់។ អ្នកដឹកនាំក៏ត្រូវតែជាមនុស្សដែលមិននិយាយឲ្យគេទៅធ្វើតែគឺនិយាយត្រឹមណាធ្វើត្រឹមហ្នឹង។ បុគ្គលបែបនោះមិនរត់ចោលគ្នីគ្នាគ្រាអាសន្នឡើយបើឃើញផ្លូវស្លាប់នៅនឹងមុខមិនអាចរុញគេទៅមុនឡើយតែបើសិនជាត្រូវប្ដូរវិញអ្នកដឹកនាំប្រភេទនោះមុខជាសុខចិត្ដរួមស្លាប់ជាមួយអ្នកគាំទ្រខ្លួន។
ក្នុងនាមជាអ្នកដឹកនាំមនុស្សច្រើននាក់ទៅតាមខ្លួនបើមិនច្បាស់លាស់ទេគឺមិននាំមនុស្សទៅទាំងប្រថុយប្រថានឡើយ។ ផ្ទុយទៅវិញយើងបែរជាឃើញអ្នក នយោបាយ/អ្នកដឹកនាំ ខ្មែរបែរជាធ្វើការប្រថុយប្ដូរនឹងការបាត់បង់សន្លឹកឆ្នោតរបស់ខ្លួនប៉ុណ្ណោះ។
ការធ្វើនយោបាយសំដៅសន្លឹកឆ្នោតមានន័យថាគេដាក់គោលដៅត្រឹមប្រមូលសន្លឹកឆ្នោតឲ្យបានច្រើនបំផុតតាមដែលគេអាចដូច្នេះគេមិនខ្វល់ខ្វាយអំពីមធ្យោបាយក្នុងការបានសន្លឹកឆ្នោតឡើយគេធ្វើយ៉ាងណាក៏ដោយឲ្យតែបានសន្លឹកឆ្នោត។ អ្នកដឹកនាំត្រូវច្បាស់លាស់គ្រប់ជំហានដែលខ្លួនឈានដើរ។ ជាសីលធម៌នៃការទទួលខុសត្រូវខ្ពស់បំផុតរបស់អ្នកដឹកនាំគឺមិននាំគេទៅទីណាដែលខ្លួនស្រពេចស្រពិលឡើយ។
ការយកសេចក្ដីទុកចិត្ដរបស់ពលរដ្ឋដែលស្រឡាញ់ខ្លួនមកប្រថុយជាការប្រព្រឹត្ដរំលោភលើសេចក្ដីទុកចិត្ដ។ រឿងជាតិមិនមែនជារឿងសម្រាប់លោកធំធ្វើការប្រថុយទេ។ អ្នកដឹកនាំភ្លឺស្វាងតែងនិយាយថាសូមកុំដឹកមុខខ្ញុំហើយក៏កុំមកឲ្យខ្ញុំដឹកមុខតែពួកយើងត្រូវដើរទន្ទឹមគ្នាឆ្ពោះទៅគោលដៅរួមទាំងអស់គ្នា។
ដើម្បីបែបនោះបានលុះត្រាតែប្រមុខនោះបានបង្រៀនសមាជិកខ្លួនឲ្យក្លាយជាពលរដ្ឋដែលមានវិន័យខ្លឹមខ្លាំងដូចខ្លួនដែរ។ បទពិសោធរបស់សត្វត្រចៀកកាំគឺបង្ហាញពីចំណុចនេះ។
គេដឹងច្បាស់ថាបើដឹកមនុស្សល្ងង់នោះមុខជាហត់ស្លាប់ដោយមិនដល់គោលដៅមិនខាន៕
ប៉ាង វ៉ាន់ថោន អ៊ីមែលៈ vanthownpang@yahoo.com
Comments