វិរបុរសបាល់ទាត់ខ្មែរ ប៉ែន ផាត ជាតារាល្បីជំនាន់ Pele របស់ប្រេស៊ីល
25 Sep, 2014 11:11
4 Comment (s)
លោក
ប៉ែន ផាត
ដែលបច្ចុប្បន្នមានអាយុជាង៦០ឆ្នាំប្លាយទៅហើយនោះជាកីឡាករ
ខ្មែរម្នាក់ក្នុងចំណោមកីឡាករបាល់ទាត់ខ្មែរទាំងឡាយដែលបានជួយ
ឲ្យក្រុមបាល់ទាត់កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៤នៃពានរង្វាន់
Asian Cup ឆ្នាំ១៩៧២។ កាលជំនាន់នោះ
លោកក៏ជាកីឡាករខ្មែរម្នាក់ដែលបានលេងជាមួយកីឡាករបាល់ទាត់
ប្រវត្តិសាស្ត្ររបស់ ប្រេស៊ីល Pele
នៅពេលដែលរូបលោកត្រូវបានគេជ្រើសរើសជាកីឡាករល្អប្រចាំក្លិប
នៅប្រទេសថៃ។
អាវលេខ៧គឺអាវដែលរូបលោកពាក់លេងទាំងនៅប្រទេសខ្មែរ
និងប្រទេសថៃ។
លោក ប៉ែន ផាត ជាមួយ Pele (ឆ្វេង)
ជីវិតផ្ទាល់ខ្លួន
លោក ប៉ែន ផាត នៅថ្ងៃទី ០៥ខែមេសា
ឆ្នាំ១៩៤៨ នៅស្រុកទួលថ្ម ខេត្តកំពង់ចាម។ លោក មានកម្ពស់ ១.៦៨
ម៉ែត្រ និង ទម្ងន់៦៥ គីឡូក្រាម។ លោកមានឳពុកឈ្មោះ ប៉ែន ស៊ាង និង
ម្ដាយឈ្មោះ យឹម សាត ដែលជាគ្រួសារកសិករមួយនៅទឹកដីខេត្តកំពង់ចាម។
លោកមានបងប្អូនបង្កើត៥នាក់តែលោកមិនចាំឈ្មោះទាំងអស់នោះឡើយ
ដោយគ្រាន់តែដឹងថាបងប្រុសទី១ ឈ្មោះប៉ែន ស្រេង ,បងប្រុសទី២ ប៉ែន
លីន…ហើយរូបលោកជាកូនពៅនៅក្នុងគ្រួសារនេះ។
កម្រិតវប្បធម៌
ក្រោយពីបានសិក្សាថ្នាក់បឋមសិក្សានៅ
សាលាទួលថ្ម នៃទឹកដីខេត្តកំពង់ចាម កុមារា ប៉ែន ផាត
បានផ្លាស់មករៀនសាលា គន្ធបុប្ផាថ្នាក់ទី៦ នៅរាជធានី ភ្នំពេញ។
បន្ទាប់មកទៀត លោកបានផ្លាស់ទៅរៀននៅអនុវិទ្យាល័យ យុគន្ធរ
ដោយបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៥ប៉ុណ្ណោះ(ថ្នាក់ទី៥ពីដើម)។
លោក ប៉ែន ផាត
ការរៀបអាពាហ៍ពិពាហ៍
លោកបានរៀបការជាមួយអ្នកស្រី
វណ្ណា នៅឆ្នាំ១៩៧៩នៅប្រទេសបារាំង។ ការរៀបការនេះបានកើតឡើង
ក្រោយពីអ្នកទាំងពីរបានធ្វើការនៅហាងលក់ថ្នាំជាមួយគ្នា
ដែលមានឈ្មោះថា Sannofi Aventis។
អ្នកទាំងពីរទទួលបានចំណងអាពាហ៍ពិពាហ៍ដោយមាន ប៉ែន ស្ទេហ្វែន (Pen
Stephene) ជាកូនប្រុសតែម្នាក់គត់នៅក្នុងគ្រួសារ។ ស្ទេហ្វែន
មានអាយុ២៥ឆ្នាំ
និងធ្លាប់បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិដែរ តែបច្ចុប្បន្ន
គេជាវិស្វករដែលកំពុងបម្រើការនៅក្នុងក្រុមហ៊ុនមួយនៅប្រទេស
បារាំង។
ការចាប់ផ្ដើមលេងបាល់
ដោយមិនដែលមានការប៉ុនប៉ងលេងឲ្យ
ក្រុមជម្រើសជាតិ ប៉ែន ផាត គ្រាន់ តែដឹងថា
លោកបានចាប់ផ្ដើមប៉ះបាល់និងលេងកម្សាន្តជាមួយមិត្តភ័ក្ដិ
ក្នុងវ័យប្រហែល៧ឆ្នាំប៉ុណ្ណោះនៅសាលាទួលថ្ម
នៅឯខេត្តកំពង់ចាម។ ការលេងរបស់យុវជន ប៉ែន ផាត
កាន់តែធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នកទស្សនា និង
គ្រូបង្វឹកកីឡាបាល់ទាត់ នៅសាលាទួលថ្ម ហើយ
ត្រូវបានជ្រើសរើសឲ្យចូលលេងក្រុមបាល់ទាត់ប្រចាំសាលាទួលថ្ម
ក្នុងអាយុ ១៤ ឆ្នាំ។ ក្នុងនាមជាខ្សែប្រយុទ្ធជួរមុខ ប៉ែន ផាត
តែងតែបានចូលលេងក្នុងការប្រកួតមិត្តភាពជាញឹកញាប់ជាមួយក្រុម
ដទៃទៀតនៅខេត្តកំពង់ចាម។
ការជាប់ជម្រើសជាតិ
លុះដល់ឆ្នាំ១៩៦៣
ត្រូវនឹងវ័យ១៥ឆ្នាំ ប៉ែន ផាត
បានចូលលេងឲ្យក្រុមទួលថ្មទល់នឹងក្រុមជម្រើសជាតិកម្ពុជាដែលដឹក
នាំដោយគ្រូបង្វឹកជនជាតិ ឆេកកូ
ក្នុងជំនួបមិត្តភាពនៅទឹកដីនៃខេត្តកំពង់ចាម។
ពេលលេងជាមួយក្រុមជម្រើសជាតិ ក្នុងវ័យត្រឹមតែ១៥ឆ្នាំនោះ ប៉ែន
ផាតបានធ្វើឲ្យគ្រូបង្វឹកក្រុមជម្រើសជាតិពេញចិត្ត
និងជ្រើសរើសប៉ែន ផាត
ជាសមាជិកក្នុងក្រុមជម្រើសជាតិតែម្ដងដោយសារតែការស៊ុតបាល់
បញ្ចូលទីដ៏អស្ចារ្យចូលសំណាញ់ទីក្រុមជម្រើសជាតិនាពេលនោះ។
លោកបានរៀបរាប់បន្តថា
ក្នុងទសវត្សរ៍ ៦០ ក្រុមកីឡាបាល់ទាត់ខ្មែរពិតជាខ្លាំង
ដោយធ្លាប់លេងឈ្នះ ជប៉ុន តែចាញ់ កូរ៉េខាងជើង និង
ចាញ់ចិនត្រឹម ១-០ តែប៉ុណ្ណោះ។ លោកបានរំលឹកទៀតថា
នាពេលនោះប្រទេសជប៉ុន
មិនទាន់មានភាពល្បីល្បាញខាងបាល់ទាត់ដូចខ្មែរឡើយ។
ការផ្លាស់មកភ្នំពេញ
ដោយសារតែមានការពេញចិត្តពីសំណាក់
គ្រូបង្វឹកបែបនេះ បានធ្វើឲ្យ លោក ប៉ែន ផាត
ឃ្លាតឆ្ងាយពីគ្រួសារជាទីស្រឡាញ់មករស់នៅទីក្រុងភ្នំពេញនៅ
ឆ្នាំចុងឆ្នាំ១៩៦៣
ដើម្បីបំពេញភារកិច្ចលេងឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។
ពេលដែលលោកបានចូលលេងក្នុងក្រុមជម្រើសជាតិ
លោកមិនបានលេងពេញម៉ោងឡើយ ត្បិតអីអាយុនៅក្មេង និង
បទពិសោធន៍នៅតិច តែបានចូលលេងយ៉ាងហោចណាស់ក៏២០ ទៅ ៣០នាទីដែរ។
ការលេងនៅក្នុងក្រុមលោកតែងតែបានចូលលេងជាបន្តបន្ទាប់
និងតែងតែធ្វើឲ្យមានការចាប់អារម្មណ៍កាន់តែខ្លាំង។
ខ្មែរជាប់Asian Cupលេខ៤នៅឆ្នាំ១៩៧២
ឆ្នាំ១៩៧២
គឺជាឆ្នាំប្រវត្តិសាស្ត្រនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែល
ឆ្លងផុតវគ្គជម្រុះ
និងទទួលបានចំណាត់ថ្នាក់លេខ៤ប្រចាំទ្វីបអាស៊ី
បន្ទាប់ចាញ់គ្រាប់បាល់ប៉េណាល់ទី៣-៥ ជាមួយក្រុមថៃ
ក្រោយពីទាត់ស្មើ ២-២ ត្រឹម៩០នាទី។ ក្នុងនោះ លោក ប៉ែន ផាត
ក៏កីឡាករម្នាក់ដែលបានស៊ុតបាល់ប៉េណាល់ទីបានសម្រេច
ខណៈដែលកីឡាករពីរនាក់ផ្សេងទៀតស៊ុតមិនចូល។
ខ្មែរ វាយជាមួយថៃឆ្នាំ១៩៧២
នៅចុងឆ្នាំ១៩៧២
ក្រុមបាល់ទាត់ជម្រើសជាតិខ្មែរបានវាយគ្នាជាមួយក្រុមកីឡាករ
បាល់ទាត់ជម្រើសជាតិថៃ រហូតដល់របួសធ្ងន់
និងធ្វើការប្រកួតលែងកើតនាការប្រកួតបន្ទាប់។
មូលហេតុនៃការប៉ះទង្គិចគ្នានាពេលនោះ
ដោយសារតែក្រុមកម្ពុជាបានបំបាក់ក្រុមថៃ ៣-០ ក្នុងពានរង្វាន់
President Cup របស់ប្រទេសឥណ្ឌូណេស៊ី ដែលកាលនោះប្រទេស
ឥណ្ឌូណេស៊ី បានអញ្ជើញក្រុមខ្មែរឲ្យចូលរួម។
ក្រោយពីប្រទូសរ៉ាយគ្នា
ក្រុមកម្ពុជាត្រូវប្រឈមមុខនឹងក្រុម មីយ៉ាន់ម៉ា
នាថ្ងៃបន្ទាប់ តែត្រូវក្រុម មីយ៉ាន់ម៉ា បំបាក់ រហូតដល់ ៧-១
ពីព្រោះកីឡាករកម្ពុជាសុទ្ធតែរបួសមុនការប្រកួតមកដល់។ លោក ប៉ែន
ផាត ក៏បានរំលឹកដែរថា កាលជំនាន់នោះ មុនមីយ៉ាន់ម៉ា
ឈ្នះកម្ពុជាដោយសារតែកីឡាករកម្ពុជារបួសនោះ ក្រុម
មីយ៉ាន់ម៉ាត្រូវកម្ពុជាយកឈ្នះជាច្រើនដង។
ចូលរួមក្លិប Rapracha FC ឆ្នាំ១៩៧២-១៩៧៧
ក្រោយពីទទួលបានជោគជ័យនៅលើទីលាន
លោកប៉ែន
ផាតបានក្លាយជាគោលដៅជាច្រើនរបស់ក្លិបនានានៅក្នុងតំបន់
និងទ្វីបអឺរ៉ុបផងដែរ ដូចជាហុងកុង វៀតណាម អ៊ីរ៉ង់
និងអាល្លឺម៉ង់ ជាដើម
តែលោកសម្រេចចិត្តទៅលេងនៅក្លិបនៅក្នុងប្រទេសថៃពីព្រោះជិត
ប្រទេសកម្ពុជានិង គ្រួសារ។
ក្នុងឆ្នាំ១៩៧២
លោកបានចូលរួមលេងឲ្យក្លិបRapracha FC រហូតដល់ឆ្នាំ ១៩៧៧
ទើបកុងត្រាត្រូវបានបញ្ចប់។ ក្នុងអំឡុងឆ្នាំ១៩៧៤
ពេលដែលលោកកំពុងតែបំពេញភារកិច្ចឲ្យក្លិបនៅថៃមួយនេះ
ក្លិបនៅប្រទេស អាល្លឺម៉ង់ ចង់បានរូបលោកទៅចូលរួមក្រុម
តែក្លិប Rapracha មិនអនុញ្ញាតឲ្យទៅព្រមទាំងយក
លិខិតឆ្លងដែនរបស់លោកទុកទៀត។
លេងជាមួយPele
លោកប៉ែន
ផាតគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាកររាប់រយនាក់នៅក្នុងក្លិប
បាល់ទាត់នៃប្រទេសថៃដែលត្រូវបានជ្រើសរើសជាកីឡាករល្អដើម្បីលេង
ជាមួយក្លិប Santos នៃប្រទេសប្រេស៊ីល ក្នុងឆ្នាំ១៩៧២។ Santos
គឺជាក្លិបដែលអតីតកីឡាករប្រវត្តិសាស្ត្ររបស់ប្រេស៊ីល Pele
លេងឲ្យ ស្របពេលដែលកីឡាករប្រវត្តិសាស្ត្រកម្ពុជា ប៉ែន ផាត
លេងឲ្យ Rapracha FC។ ក្រុម Thai All Stars
គឺត្រូវបានជ្រើសរើសកីឡាករល្អៗពីគ្រប់ក្លិបនៅលីក
ដោយក្នុងនេះមានកីឡាករខ្មែរដ៏អស្ចារ្យម្នាក់គឺលោក ប៉ែន ផាត
នេះឯង។ ជាលទ្ធផល ក្រុម Thai All Stars ចាញ់ក្រុម Santos ដោយលទ្ធផល
៦-១។
ប៉ែន ផាត ជាប់ Pele
ការចាកចេញទៅប្រទេសបារាំង
ចុងឆ្នាំ១៩៧៧អតីតកីឡាករRapracha FC
រូបនេះ បានចាកចេញទៅកាន់ប្រទេសបារាំង តាមបំណងប្រាថ្នាដោយចូលរួម
លេងឲ្យក្លិប Grenoble FC បានរយៈពេល១ឆ្នាំ
ដែលជាក្លិបកំពូលនាសម័យនោះ របស់ប្រទេសបារាំង
តាមរយៈអ្នកធ្វើការម្នាក់នៅក្លិបនេះ។
ការចាកចេញទៅកាន់ប្រទេសបារាំង
ដោយសារតែរូបលោកបានកុហកថាឈប់លេងបាល់ទាត់ឲ្យក្រុមណាទាំងអស់។
ការធ្វើដូច្នេះ ទើប ក្លិប Rapracha FC បានផ្ដល់
លិខិតឆ្លងដែនដល់រូបលោក។
បន្ទាប់មកទៀតលោកបានផ្លាស់ទៅក្លិបល្បី Montpelier
តែលេងបានតែមួយប្រកួត ប៉ុណ្ណោះ។
ការខកខានមិនបានចូលរួមក្លិប Montpelier រយៈពេលវែង
ដោយសារគ្មានអ្នកគាំទ្រពីក្រោយ ហើយ ម្យ៉ាងវិញទៀត ខ្មែរ
គ្នាឯងចេះនិយាយពីនេះពីណោះថាកុំឲ្យទៅលេង Montpelier។
លោកសម្រេចចិត្ត ចាកចេញទៅកាន់ក្លិប Paris FC រយៈ
ពេលមិនដល់មួយឆ្នាំស្រួលបួលផងដោយសារតែ
វ័យកាន់តែចាស់ពោលដល់វ័យ ៣១ឆ្នាំ។ ដូច្នេះ អតីត កីឡាករ
Grenoble FC ក៏បានសម្រេចចិត្តបញ្ចប់អាជីពត្រឹម ក្លិប Paris FC
តែម្ដង។ ក្នុងនោះដែរ លោកនៅចាំបានថាអំឡុងឆ្នាំ១៩៨០-១៩៨១
លោកបានទៅហ្វឹកហាត់នៅក្លិបHathar Berlin រយៈពេល១ខែ។
ដោយសារតែភរិយារបស់លោក ឈឺ
ក៏វិលត្រឡប់មកមើលថែភរិយាវិញដោយបញ្ឈប់ការហ្វឹកហាត់នៅប្រទេស
អាល្លឺម៉ង់ទៅ។
លោក ប៉ែន ផាត (កណ្តាល)
គ្រូបង្វឹកនិងការងារ
បន្ទាប់ពីត្រឡប់មកមើលថែប្រពន្ធ
លោកក៏មិនទាន់មានការងារធ្វើនិងចូលបម្រើឲ្យក្លិបណានៅឡើយ។
រហូតដល់លោកមានអាយុ ៣៣ឆ្នាំ
លោកក៏ត្រូវបានជ្រើសរើសធ្វើជាគ្រូបង្ហាត់
កីឡាករវ័យក្មេងវ័យក្រោម១៨ឆ្នាំនៅក្លិបCSL Avlnay
រហូតដល់ឆ្នាំ១៩៨៧។ ក្រោយមក លោកបានបង្វឹកឲ្យក្លិប En Deux
Guier ដែលជាក្លិបប្រចាំស្រុក និងជួយឲ្យក្លិបនេះទទួលបានលេខ១។
ឆ្នាំ១៩៩៣ លោកទៅកាន់ក្លិបLyonis Ggan។
លោកប៉ែន ផាត
គឺជាបុគ្គលិកនៅហាងលក់ថ្នាំពេទ្យ Sanofi
Aventisនៅប្រទេសបារាំង។ ជាមួយគ្នានោះដែរ
លោកជាគ្រូបង្វឹកក្រុមកីឡាបាល់ទាត់យុវជនខ្មែរ-បារាំង
ជារៀងរាល់ថ្ងៃសៅរ៍-អាទិត្យ។
ក្រុមយុវជន-ខ្មែរបារាំងបានបង្កើតឡើងក្នុងឆ្នាំ២០០៩ បន្ទាប់
ពីជំនួបរវាងរូបលោក និង
ឯកឧត្ដមប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សៅ សុខា
នៅប្រទេសបារាំង។
លោកមិនត្រឹមតែបង្ហាត់កីឡាករខ្មែរនៅទីនោះទេតែថែមទាំងបង្ហាត់
កីឡាករបារាំងផងដែរ រហូតដល់បច្ចុប្បន្ននេះ។
ស្នាដៃទទួលបាន
-ក្នុងអំឡុងលេងឲ្យក្លិបRapracha FC លោកប៉ែន ផាត បានជួយឲ្យក្លិបនេះឈ្នះពានរង្វាន់លីកក្នុងស្រុករបស់ថៃ(Thai Premier Leauge បច្ចុប្បន្ន)២សម័យ ឆ្នាំ១៩៧២-៧៣ និង ឆ្នាំ១៩៧៤-៧៥។
-ឈ្នះពានរង្វាន់ Queen Cup ឆ្នាំ១៩៧៣-៧៤ និង ១៩៧៤-៧៥
-ជួយឲ្យក្រុមបាល់ជម្រើសជាតិខ្មែរជាប់ចំណាត់ថ្នាក់លេខ៤ឆ្នាំ១៩៧២
-ជួយឲ្យក្រុមឈ្នះ FA Cupរបស់ប្រទេសថៃ ពីរដង។ បើសរុប លោក បានជួយឲ្យក្រុម Rapracha FC ឈ្នះពានរង្វាន់ក្នុងស្រុកចំនួន៦ដងក្នុងរយៈពេល៥ឆ្នាំ ប៉ុណ្ណោះ។
កីឡាករជំនាន់មុនដែលលោកនៅចាំ
កីឡាករទសវត្យរ៍៦០និង ៧០ ដែលលោកប៉ែន
ផាត នៅចាំឈ្មោះ មានដូចជា សៀង តារា, ឌឿក សុខុម, វ៉ាន់ រឿម, អ៊ុល,
អ៊ីសៀង, នៅ កន្ដៀន,លឹម សាក់(អ្នកចំាទី), ពៅ, តាម៉ម, សុក រិន, និង អ៊ុក
សារ៉េត ជាដើម។ ក្នុងនោះក៏មាន តាមុំាង និង លាស់ ស្លាខាន់ផងដែរ
តែជាជំនាន់ក្រោយលោក ប៉ែន ផាត ទេ។
ការប្រកួតអន្តរជាតិដែលនៅចាំ
-ខ្មែរឈ្នះ សិង្ហបុរី ៣-១ នៅឆ្នាំ១៩៦៨
-ខ្មែរប្រកួតមិត្តភាពជាមួយក្លិប Spata Prague ឆ្នាំ១៩៦៧
-ខ្មែរឈ្នះ ឥណ្ឌូណេស៊ី ២-០ ឆ្នាំ១៩៦៩
ការប៉ងប្រាថ្នាទៅថ្ងៃអនាគត
ក្នុងនាមជាអ្នកលេងកីឡាបាល់ទាត់
ម្នាក់ លោក ប៉ែន ផាត
ចង់ឃើញភាពរីកចម្រើនកាន់តែខ្លាំងក្លាជាងនេះចំពោះវិស័យកីឡា
បាល់ទាត់ខ្មែរ។
លោកនឹងវិលត្រឡប់មកស្រុកខ្មែរវិញក្នុងឆ្នាំ២០១២
ដើម្បីជួយបង្ហាត់បាល់ទាត់នៅក្នុងក្លិបយុវជនមួយដែលកំពុងតែ
ទាក់ទងលោកឲ្យមកជួយ។ ម្យ៉ាងវិញទៀត
នោះក៏ជាបំណងប្រាថ្នារបស់លោកដើម្បីវិលត្រឡប់មកទឹកដីកំណើត
ដ៏ពិសិដ្ឋនេះវិញដែរ។
ថ្មីៗកន្លងទៅនេះលោកបានទទួលភារកិច្ចដឹកនាំក្រុមបាល់ទាត់
វេស្ទើនយូនីអេហ្វស៊ីសម្រាប់ការប្រកួតក្នុងលីកបាល់ទាត់កំពូល
កម្ពុជារដូវកាលឆ្នាំ២០១៥៕